ឯកឧត្តម ហ៊ុន ម៉ាណែត៖ ការបើកដំណើរការប្រទេសឡើងវិញ ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើន

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ក្នុងពិធីបើកសម្ពោធលក់ជាផ្លូវការនៃ “ គម្រោងមានជ័យ រ៉េស៊ីដិនស៍ (Meanchey Residence) ” របស់ក្រុមហ៊ុន Rose Marvel Property Development នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣នេះថា ការបើកដំណើរការប្រទេសឡើងវិញនៅក្រោយការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវ យុទ្ធនាការជាតិចាក់វ៉ាក់សាំងបានធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចឡើងវិញ ដែលតាមរយៈការព្យាករណ៍របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺក្នុងរង្វង់ប្រមាណ ៥,២ ភាគរយ នៅក្នុងឆ្នាំ២០២២ និងប្រមាណ ៥,៦ ភាគរយនៅឆ្នាំ២០២៣។ តួលេខនេះ គឺស្ថិតលើគន្លង ឆ្ពោះទៅកាន់កំណើនកាលពីមុនវិបត្តិនៃជំងឺកូវីដ-១៩ នេះបើតាម ការចុះផ្សាយរបស់កម្ពុជាថ្មី។

ជាមួយគ្នានោះ ឯកឧត្តមក៏បានសូមចូលរួមអបអរសាទរចំពោះគម្រោងមានជ័យ រ៉េស៊ីដិនស៍ ដែលសមិទ្ធផលនេះបាន កើតចេញពីសមត្ថភាព, ការប្រឹងប្រែង និងការយកចិត្តទុកដាក់ប្រកបដោយ ការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងបុគ្គលិក-និយោជិតទាំងអស់របស់ក្រុមហ៊ុន ស្របពេលដែលកម្ពុជាកំពុងបោះជំហានងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ប្រកបដោយភាពស្វាហាប់ និងថាមពល។

ឯកឧត្តម ហ៊ុន ម៉ាណែតថ្លែងបន្តថា តាមរយៈការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា បានបង្ហាញថា វិស័យអចលនទ្រព្យនឹងនៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដូចរយៈពេលកន្លង មកផងដែរ។ ដូច្នេះ ការបន្តរីកចម្រើន​លូតលាត់នៃវិស័យអចលនទ្រព្យ គឺជាគោលដៅដ៏សំខាន់មួយដែលមានកំណត់នៅ ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។

ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា ខណៈសេដ្ឋកិច្ចរបស់កម្ពុជាកំពុងងើបឡើងវិញប្រកបដោយក្តីសង្ឃឹម, ការរីកចម្រើននៃវិស័យអចលនទ្រព្យ ក៏បានឆ្លុះបញ្ចាំងអំពីការរីកចម្រើននៃកម្រិតជីវភាព របស់ប្រជាជនកម្ពុជា ជាពិសេសការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យម រួមជាមួយនឹងការកើនទ្បើងនូវតម្រូវការលំនៅឋាន ដែលមានផាសុកភាព និងមានសុខដុមភាពទៅនឹង បរិស្ថាននៃការរស់នៅជាអាទិ៍៖ ការបង្កើតឱ្យមានទីធ្លា និងសួនសាធារណៈ, ការរក្សាលំហរបៃតង, ការផ្តល់សេវាគ្រប់គ្រងសំណល់, ការគិតគូរទៅលើលំហូរចរាចរណ៍, ការគិតគូរទៅលើផាសុខ ភាពរស់នៅរបស់កុមារ និងមនុស្សចាស់, ព្រមទាំងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃជាក់ស្តែង ដូចជា៖ មន្ទីរពេទ្យ, សាលារៀន និងសួនសាធារណៈសម្រាប់សម្រាក និងសម្រួលផ្លូវចិត្ត-អារម្មណ៍ ជាដើម៕

ប្រភពៈ កម្ពុជាថ្មី

 

អត្ថបទដែលជាប់ទាក់ទង