លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ចុះពិនិត្យរកដំណោះស្រាយស្ដីពីការរុករានការដាំដើមចេក និងសង់ខ្ទម នៅលើដីព្រៃកូនឈើរបស់រដ្ឋ ស្ថិតនៅឃុំត្រស់ និងឃុំអណ្ដូងត្របែក ស្រុករមាសហែក

(ខេត្តស្វាយរៀង): កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភ:ឆ្នាំ២០២៣ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំរកដំណោះស្រាយវិវាទ និងចុះពិនិត្យដល់ទីតាំង ដីព្រៃហើយត្រូវបានប្រជាពលរដ្ឋចុះកាប់រុករាន ដាំចេក និងសង់ខ្ទមនៅលើដីព្រៃកូនឈើរបស់រដ្ឋ ព្រមទាំងបានមករារាំងគ្រឿងចក្ររបស់ក្រុមហ៊ុន ក្នុងការឈូសឆាយព្រៃដាំកូន ឈើឡើងវិញ ក្នុងភូមិសាស្ត្រខាងជើងភូមិបុស្សឃុំត្រស់ និងឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានឲ្យដឹងថា: ទីតាំងដីព្រៃរបស់រដ្ឋដែលកំពុងត្រូវបានប្រជាពលរដ្ឋចូលរុករាន កាន់កាប់ទាំងនោះគឺពុំមានលិខិតកាន់កាប់ រឺបញ្ជាក់ពីខាងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ នោះទេគឺពួកគាត់បានសម្រុកនាំគ្នាមករានដីព្រៃរបស់រដ្ឋហើយសង់ខ្ទម ដាំដំណាំអាស្រ័យផលយ៉ាងអាណាធិបតេយ្យស្រេចតែចិត្តដោយពុំគោរពច្បាប់នោះឡើយ បើទោះបីជាខាងមូលដ្ឋានធ្លាប់បាន ណែនាំយ៉ាងណាក៏ដោយ  ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះមានចំនួនប្រមាណជាង២០០គ្រួសារឯណោះ។

លោកអភិបាលស្រុកបានបន្តថា: រឿងការបែកចែកដីធ្លីនេះក្នុងភូមិសាស្ត្រស្រុករមាសហែកកាលពីឆ្នាំ២០១២ តាមរយ:បទបញ្ជាលេខ ០០១ របស់រាជរដ្ឋាភិបាលកម្ពុជា បានឲ្យក្រុមនិស្សិតស្ម័គ្រចិត្ តចុះធ្វើការវាស់វែងបែងចែកធ្វើកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋចំនួន៧៨គ្រួសារ ដោយក្នុងនោះមួយគ្រួសារបានទទួលដីធ្វើជាកម្មសិទ្ធស្របច្បាប់ ចំនួន១.៥ហិកតា ដោយបានឆ្វៀលដីគំរបព្រៃរបស់រដ្ឋ ជូនពួកគាត់រួចមកហើយក៏ប៉ុន្តែមួយរយ:ចុងក្រោយនេះ មិនដឹងជាប្រជាពលរដ្ឋមកពីខាងណាខ្លះទេ បាននាំគ្នាមកកាប់រុករាន ដាំដំណាំអាស្រ័យផលលើដីរបស់រដ្ឋធ្វើជាកម្មសិទ្ធរបស់គាត់ ទៅវិញ ដោយពុំស្តាប់ហេតុផលនោះឡើយ។

ក្នុងឱកាសនោះផងដែរលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ក៏បានសំណូមពរដល់មន្ត្រីដែលមានការ ពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នារកដំណោះឲ្យបានឆាប់រហ័ស និងទាន់ពេលវេលាដោយ លើកពីហេតុផលឲ្យពួកគាត់យល់ពីច្បាប់នៃការកាន់កាប់ប្រើប្រាស់ដីធ្លីពីព្រោះថាបើយើងមិនគោរពច្បាប់ទេ គឺត្រូវប្រឈមទៅនិងការអនុវត្តច្បាប់ដោយបង្ខំ ដើម្បីកុំឲ្យមានភាពអនាធិបតេយ្យ ដូច្នេះបន្តទៅទៀត។

លោកអភិបាលរងខេត្តបានបន្តថា: ទោះបីជាយ៉ាងណាក៏ដោយអាជ្ញាធរគ្រប់លំដាប់ថ្នាកត្រូវព្យាយាមដោះស្រាយ បញ្ហាដីធ្លីនេះជាលក្ខណ:ក្រៅប្រព័ន្ធតុលាការឲ្យអស់លទ្ធភាព ដោយបានសុំគោលការ ទៅលោកអភិបាលខេត្ត ដើម្បីចេញសេចក្តីសម្រេចនាពេខាងមុខនេះហើយ ក្នុងនាមយើងជាម្ចាស់មូលដ្ឋានដាច់ខាតត្រូវតាមដានរកមេខ្យល់ឲ្យឃើញ ដែលដើរឃោសនាប្រជាជនឲ្យធ្វើការកាប់រុករាន ដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធរបស់ខ្លួនដើម្បីឲ្យទទួលខុសត្រូវចំពោះមុខច្បាប់៕ដោយ:33

អត្ថបទដែលជាប់ទាក់ទង