ឯកឧត្តម ហ៊ុន ម៉ាណែត៖ បច្ចុប្បន្នយើងបានអភិវឌ្ឍសមត្ថភាពផលិត និងតម្លើងសម្ភារៈប្រើប្រាស់ និងផលិតផលជាច្រើននៅក្នុងប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញទៅក្រៅទៀតផង
(ខេត្តតាកែវ) កាលពីថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៣ ម្សិលមិញនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពក្នុងពិធី សម្ពោធជាផ្លូវការក្រុមហ៊ុន ម៉េកូ អ៊ិនថេលីជេន (ខេមបូឌា) ឯ.ក ដែលជាក្រុមហ៊ុនផលិតអំពូលអគ្គិសនី សម្រាប់នាំចេញទៅសហរដ្ឋអាមេរិក និងកាណាដា។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងក្នុងពិធីនោះយ៉ាងដូច្នេះថាៈ “ ខ្ញុំនៅចាំបានថា នៅក្នុងទសវត្សរ៍ទី៨០ និងដើមទសវត្សរ៍ទី៩០ សម្ភារៈប្រើប្រាស់ស្ទើរតែទាំងអស់ រួមទាំងគ្រឿងឧប ភោគបរិភោគមួយភាគធំ ដូចជាភេសជ្ជៈ គឺជាផលិតផលនាំចូលពីបរទេស ដោយសារយើងមិនមានលទ្ធភាព ផលិតនៅក្នុងប្រទេសទេនៅពេលនោះ។ ប៉ុន្តែបច្ចុប្បន្ននេះកម្ពុជាយើងបានអភិវឌ្ឍសមត្ថភាពក្នុងការផលិត និងតម្លើងនូវផលិតផលជាច្រើននៅក្នុងប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ព្រមទាំងនាំចេញទៅក្រៅប្រទេសទៀតផង ដូចជាគ្រឿង ឧបភោគបរិភោគ សម្លៀកបំពាក់ ស្បែកជើង កាបូបនិងវ៉ាលិស គ្រឿងសង្ហារឹម គ្រឿងឧបករណ៍សម្ភារៈអគ្គិសនី កង់ ម៉ូតូ រថយន្ត ។ល។ នេះជាមោទនភាពពិតៗរបស់កម្ពុជាដែលអភិវឌ្ឍក្រោមម្លប់ នៃសុខសន្តិភាព ”។
គួរបញ្ជាក់ឲ្យដឹងផងដែរថាៈ ក្រុមហ៊ុន ម៉េកូ អ៊ិនថេលីជេន (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ជាក្រុមហ៊ុនផលិតអំពូលអគ្គិសនីសម្រាប់ការនាំចេញទៅសហរដ្ឋអាមេរិក និងកាណាដា៕