លោកស្រី ប៉ាង ដានី អញ្ជើញសំណេះសំណាលជាមួយ លោក លោកស្រី ជាម្ចាស់មូលដ្ឋានអាជីវកម្ម នៃវិស័យទេសចរណ៍ នៅក្នុងទូទាំង ខេត្តកំពង់ចាម

កំពង់ចាម លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិបាល ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានអញ្ជើញសំណេះសំណាលជាមួយ មន្រ្តីរាជការ និងលោក លោកស្រី ជាម្ចាស់មូលដ្ឋាន អាជីវកម្ម នៃវិស័យទេសចរណ៍ នៅក្នុងទូទាំង ខេត្តកំពង់ចាម ដែលពិធីនេះ បានរៀបចំនៅមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ។

តាមរបាយការណ៍របស់ លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានឱ្យដឹងថា នាបច្ចុប្បន្ន នៅក្នុងទូទាំងខេត្ត រួមមាន ៖ ខារ៉ាអូខេ ៥៤កន្លែង ឌីស្កូតែក-រង្គសាល ៧កន្លែង បៀហ្គាឌិន ៣កន្លែង ម៉ាស្សា-ស្ប៉ា ២៧កន្លែង ស្មើនឹងបុគ្គលិក សរុប ចំនួន ៥៨៩នាក់ ។ ជាមួយនោះ មន្ទីរ នៅបន្តចុះផ្សព្វផ្សាយ និងត្រួតពិនិត្យជាប់ជាប្រចាំ នូវរាល់សេវាកម្ម ដែលងាយរងគ្រោះ នៅតាម បណ្តា ក្រុងស្រុក ក្នុងទូទាំងខេត្ត ក្រៅពីសេវាកម្មកម្សាន្ត នៅមានសេវាកម្មផ្សេងទៀត រួមមាន ៖ សណ្ឋាគារ ១៧កន្លែង មានបុគ្គលិក ២៦៩នាក់ ផ្ទះសំណាក់ ១១០កន្លែង មានបុគ្គលិក ១៩៨នាក់ ភោជនីយដ្ឋាន ២៩កន្លែង បុគ្គលិក ២៨១នាក់ អាហារដ្ឋាន ១៥៤កន្លែង បុគ្គលិក ៨៥៦នាក់ រមណីយដ្ឋាន ១១កន្លែង បុគ្គលិក ៥៩នាក់ កីឡាទេសចរណ៍ ៦កន្លែង បុគ្គលិក ០៩នាក់ ។

នាឱកាសនោះ លោកស្រី ប៉ាង ដានី អភិបាលរង ខេត្តកំពង់ចាម បានពាំនាំនូវការផ្តាំផ្ញើសួរសុខ ទុក្ខ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនចំពោះ បងប្អូនមន្ត្រីរាជការ នៃមន្ទីរទេសចរណ៍ ក៏ដូចជា លោក លោកស្រី ជាម្ចាស់មូលដ្ឋាន អាជីវកម្ម នៃវិស័យទេសចរណ៍ ដែលកំពុងប្រកបអាជីវកម្មរបស់ខ្លួន នៅក្នុងទូទាំងខេត្តកំពង់ចាម ។ លោកស្រី បានគូសបញ្ជាក់ដែរថា ដោយប្រទេស យើងមានសុខសន្តិភាព ទើបម្ចាស់ មូលដ្ឋាន អាជីវកម្ម នៃវិស័យទេសចរណ៍ទាំងអស់ អាចបើកធ្វើអាជីវកម្ម ឡើងវិញបាន ។ ចំពោះ ការប្រើអំពើហឹង្សា ការបៀតបៀនទៅលើផ្លូវភេទ ជាពិសេស អានីតិជន ដែលមានអាយុក្រោម ១៨ឆ្នាំ លោកស្រីអភិបាលរងខេត្ត ក៏បានដាស់តឿនថា អំពើហឹង្សានេះ មាន ៤ចំណុច គឺ ៖ អំពើហឹង្សាផ្លូវកាយ អំពើហឹង្សាផ្លូវចិត្ត អំពើហឹង្សាផ្លូវភេទ និងអំពើហឹង្សាផ្នែកសេដ្ឋកិច្ច ។ ដែលទាមទារឲ្យអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមទប់ស្កាត់ទាំងអស់គ្នា ។ ទន្ទឹមនឹងនោះដែរ លោកស្រី ក៏បានលើកឡើងអំពីសេវាផ្លូវច្បាប់ និងសុខភាព និងបានផ្តាំផ្ញើដល់ស្រ្តីមេផ្ទះ ស្រ្តីដែលកំពុងផ្តល់សេវា និងកំពុងផ្តល់កំណើត រួមទាំងបុរស ផងដែរ ត្រូវប្រុងប្រយ័ត្ន និងត្រូវទៅពិនិត្យ សុខភាព ទាំង អស់គ្នា ដោយបច្ចុប្បន្ននេះ ជំងឺរបេង និងជំងឺស្វាយ កំពុងរីករាលដាល ។ ដូច្នេះ យើងត្រូវយកចិត្តទុកដាក់ ថែទាំសុខភាព ឲ្យបានគ្រប់ៗគ្នា និងត្រូវបន្តប្រុងប្រយ័ត្នជានិច្ច និងត្រូវចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង