ជប៉ុន នឹងបញ្ជូនអាជ្ញាកណ្ដាលចំនួន ៤០ រូប ដើម្បីជួយដល់កម្ពុជា ក្នុងការៀបចំកីឡាស៊ីហ្គេម

ជាមួយនឹងការបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ(កម្ពុជា-ជប៉ុន) ឱ្យកាន់តែរឹងមាំថែមទៀតនោះ ឯកឧត្តម តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុនបានថ្លែងថា ថ្ងៃខាងមុខនេះ ជប៉ុននឹងបញ្ជូនអាជ្ញាកណ្ដាលចំនួន៤០រូប ដើម្បីជួយដល់កម្ពុជា ក្នុងការៀបចំកីឡាស៊ីហ្គេម នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានកម្ពុជា។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន និង លោកស្រី មីណាមីណូ យូកូ (MINAMINO Yuko) អគ្គរាជទូតសុច្ឆន្ទៈជប៉ុន សម្រាប់ខួប៧០ឆ្នាំ មិត្តភាពរវាងកម្ពុជា-ជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ ឯកឧត្ដម តាកេ ហ្ស៊ឺនសឹកិ បានសម្ដែងនូវក្ដីរីករាយជាមួយទំនាក់ទំនងរវាកម្ពុជានិងជប៉ុន ដែលត្រូវបានលើកកម្ពស់ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកងទ័ព វិស័យដោះមីន និងវិស័យដទៃជាច្រើនទៀត។ ឯកឧត្ដម TAKEI បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្ដមនឹងបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ហើយថ្ងៃខាងមុខនេះ ជប៉ុននឹងបញ្ជូនអាជ្ញាកណ្ដាលចំនួន៤០រូប ដើម្បីជួយដល់កម្ពុជា ក្នុងការៀបចំកីឡាស៊ីហ្គេម។ ដោយឡែក លោកស្រី MINAMINO បានគោរពជម្រាបជូនសម្ដេចតេជោ អំពីដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់ព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ១៩៨៩ និងឆ្នាំ២០១៣ ដែលសណ្ដានចិត្តដ៏ប្រពៃ របស់ប្រជាជនកម្ពុជានៅពេលនោះ ទទួលស្វាគមន៍លោកស្រីយ៉ាងកក់ក្ដៅជាទីបំផុត ដែលធ្វើឱ្យបេះដូងរបស់លោកស្រីដក់ដិតជាប់នៅកម្ពុជា ហើយបាន  និពន្ធ និងច្រៀងបទ «ឥន្ធធនូសម្រាប់ថ្ងៃស្អែក» ដែលអធិប្បាយអំពីអតីតកម្ពុជាដែលលោកស្រីបានឃើញដោយផ្ទាល់។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីបានជម្រាបជូនសម្ដេចតេជោដែរថា លោកស្រីនឹងទៅជួបកុមារា កុមារីកំព្រា ដែលលោកស្រីធ្លាប់បានជួបកាលពីឆ្នាំ១៩៨៩ ហើយក្នុងនាមជាអគ្គរដ្ឋទូតសុច្ឆន្ទៈ សម្រាប់ខួប៧០ឆ្នាំនៃមិត្តភាពរវាងកម្ពុជា និងជប៉ុន លោកស្រីនឹងប្រឹងប្រែងធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើង។ សូមជម្រាបដែរថា លោកស្រី MINAMINO ជាតារាសម្ដែង និងជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់នៅប្រទេសជប៉ុន តាំងពីឆ្នាំ១៩៨៥ រហូតមកដល់បច្ចុប្បន្ន។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវក្ដីរីករាយជាមួយនិងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយបានថ្លែងអំណរ គុណជប៉ុន ដែលបានលើកទឹកចិត្ត ឱ្យអ្នកវិនិយោគជប៉ុន មកវិនិយោគនៅកម្ពុជា បញ្ជូនអាជ្ញាកណ្ដាលមកពិនិត្យការប្រកួតកីឡាស៊ីហ្គេម និងជំនួយដទៃទៀត។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះលោកស្រី MINAMINO ដែលបាននិពន្ធ និងសម្ដែងនូវបទចម្រៀង«ឥន្ធធនូសម្រាប់ថ្ងៃស្អែក» ដែលឆ្លុះបញ្ចាំងអពីតថភាពរបស់កម្ពុជាពីអតីតកាល៕

ប្រភពៈ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង