សាខាកាកបាទក្រហាមកម្ពុជា ខេត្តកំពង់ចាម រៀបចំទិវាជាតិ សុខភាពមាតា ទារក និងកុមារ
កំពង់ចាម នាព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភះ ឆ្នាំ២០២៣ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម រួមជាមួយ សមាជិក សមាជិកា គណៈកម្មាធិការសាខា លោកនាយកសាខា និងអនុសាខាស្រុកចំការលើ បានចូលរួម ពិធីសំណេះសំណាល អបអរសាទរ ខួបទី ១៣ ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកប ដោយ ចីរភាព នៅឆ្នាំ ២០៣០ »ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាស្រុក ចំការលើ ។ដោយមានការចូលរួមពី លោកអនុប្រធានសាខា លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ មន្ត្រីអនុសាខាស្រុកចំការលើ ក្រុមកាកបាទក្រហមឃុំ ព្រមទាំង បងប្អូន ជាស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច សរុបចំនួន ៩៩នាក់ ។
លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអំពាវនាវដល់ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ អនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ទាំងឡាយ ៤ចំណុច ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ បានអំពាវនាវក្នុងសារលិខិតនេះ ពិសេស ស្រ្តីមានផ្ទៃពោះទាំងអស់ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ចំនួន 4 ដង តាមពេលវេលាកំណត់ ហើយត្រូវទៅទទួលយកសេវាបង្ការ/ព្យាបាលទាំងអស់ នៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ ពិសេស ការស្ម័គ្រចិត្តធ្វើតេស្តឈាម រកមេរោគអេដស៍ស្វាយ រលាកថ្លើមប្រភេទ បេ ដើម្បីទប់ស្កាត់ការចម្លងមេរោគពីម្ដាយទៅកូន។ ត្រូវ សម្រាលកូន នៅមណ្ឌល សុខភាព មានគ្រូពេទ្យជំនាញ ដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ។ ក្រោយពេលសម្រាល ត្រូវយកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺ ១១ មុខ តាមពេលវេលាកំណត់ ដោយយកចិត្តទុកដាក់ ពិនិត្យតាមដានសុខភាព និង ការលូតលាស់របស់កូន រហូតដល់កូនមានអាយុ ២ឆ្នាំ ។ ប្រការដែលសំខាន់ គឺ ត្រូវបំបៅកូនដោយទឹកដោះម្ដាយ តែមួយ មុខគត់ ចាប់ពីពេលកើតភ្លាមរហូតដល់ទារក មានអាយុ ៦ ខែ និងផ្ដល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង )រួមជា មួយ ការបន្តបំបៅទឹកដោះម្ដាយរហូតដល់ កុមារ មានអាយុ យ៉ាង តិច ២ ឆ្នាំ ។ សូមជ្រើសរើសយកការពន្យារកំណើត ដើម្បីសុខភាព របស់ម្ដាយ និង ទារក ។
ក្នុងឱកាសនោះដែរលោកជំទាវបាននាំយក វត្ថុអនុស្សាវរីយ៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឥស្សរជនឆ្នើមថ្នាក់ជាតិ ផ្តល់ជូន ស្រ្តីដែលបានចូលរួម ៧៥ នាក់ , ម្នាក់ ៗ ទទួលបាន ៖ សារុង ១ ក្រម៉ា ១ កន្សែងពោះគោធំតូច ២ សាប៊ូដុសខ្លួន ១ដប ទឹក អនាម័យ ស្ត្រី ១ដប សាប៊ូលុច្ស ៤ដុំ ម៉ាស់ ១០ បន្ទះ និងថវិកា ៥០,០០០ រៀល ។
បន្ទាប់ពីនោះ លោកជំទាវ និងក្រុមការងារ បានបន្ត ចុះសួរសុខទុក្ខ ស្ត្រីទើបសម្រាលកូន នៅតាមខ្នងផ្ទះ ចំនួន ៥នាក់ ក្នុងឃុំស្វាយទាប ដោយបានឧបត្ថម្ភជូន ក្នុងម្នាក់ៗ នូវ សារុង ១ ក្រម៉ា ១ កន្សែងពោះគោ ២ សាប៊ូដុសខ្លួន ១ដប ទឹកអនាម័យស្ត្រី ១ដប មី ១កេស ស្ករស ទឹកដោះគោ ខោអាវទារក និង ថវិកា៥០,០០០រៀល ផងដែរ៕