អភិបាលខេត្តត្បូងឃ្មុំ៖ ក្រោមម្លប់សុខសន្តិភាព វិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវបានលើកតម្កើង និងមានភាពរីកចម្រើនឥតឈប់ឈរ
(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ការលើកតម្កើងប្រពៃណីព្រះពុទ្ធសាសនា និងមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលការរីកចម្រើនទាំងនេះពិតណាស់ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ព្រោះប្រទេសជាតិយើង គ្មានសង្គ្រាមដូចសម័យអតីតកាល។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសតំណាងដ៏ខ្ពង់់ខ្ពស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា ក្នុងវត្តសុមធម្មរង្សី ហៅវត្តទួលពិសិដ្ឋ ស្ថិតក្នុងភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងឲ្យដឹងថាខេត្តត្បូងឃ្មុំមានវត្តចំនួនប្រមាណជាង២៥០វត្ត ដែលក្នុងមួយវត្តៗចំណាយថវិការមិនតិចជាង២០ម៉ឺនដុល្លារអាមេរិកនោះទេ ដោយថវិការយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានមកពីថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជា សប្បុរសជននានា រួមជាមួយពុទ្ធបរិស័ទ ចំណុះជើងវត្ត រួមគ្នាលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត គូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងណាស់ ធ្វើយ៉ាងណាដើម្បីឱ្យប្រទេសខ្មែរយើងមានសុខសន្តិភាព មានស្ថេរភាពនយោបាយ និងស្ថេរភាពសង្គម ដឹកននាំប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាបន្តគាំទ្រ និងរួមគ្នារួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសបន្តបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជាគ្រប់ៗអាណត្តិ។
លោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា សមិទ្ធផលដែលត្រូវសម្ពោធឆ្លងដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការក្នុងវត្តសុខធម្មរង្សី ហៅវត្តទួលពិសិដ្ឋ នាពេលនេះរួមមានឧបដ្ឋានសាលា ទំហំ១៦មX២៨ម ចំណាយអស់ថវិកា១៨០.០០០ដុល្លា រួមទាំងសមិទ្ធផលនានាសរុបចំណាយថវិកា ១៨៧.៧០០ដុល្លា ដោយបច្ចុប្បន្ននៅជំពាក់ថ្លៃសម្ភារ និងឈ្នួលជាង ថវិកាចំនួន ៣.៥០០ដុល្លា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាមច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដោយសទ្ធាជ្រះថ្លា បានប្រគេនថវិកាចំនួន១២លានរៀល ដល់ព្រះគ្រូចៅអធិការវត្ត ដើម្បីកសាងអភិវឌ្ឍវត្តបន្ថែមទៀត និងចែកជូនថវិកា ក្រណាត់ស សម្ភារៈសិក្សា ដល់លោកយាយជីតាជី លោកគ្រូអ្នកគ្រូ លោកគ្រូអ្នកគ្រូពេទ្យ ក្រុមប្រឹក្សាឃុំ មេភូមិ សិស្សានុសិស្ស កាយរិទ្ធ យុវជនកាកបាទក្រហម សហភាពសហព័ន្ធ យុវជនកម្ពុជា កងកម្លាំងនគរបាល និងប្រជាការពារដែលបានចូលរួម សរុបចំនាយថវិកាអស់ចំនួន ៣១.០០០.០០០រៀលផងដែរ៕