ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញប្រកាសទទួលស្គាល់ ប្រធាន អនុប្រធាន គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម

កំពង់ចាម ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ លោក ឧត្ដមសេនីយ៍ ត្រី  ហេង  វុទ្ធី ជាប្រធាន និង ឯកឧត្ដម គឹមសួរ ភីរុណ ជាអនុប្រធាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម ដែលពិធីនេះ បានរៀបចំធ្វើឡើង នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ ។

ក្នុងឱកាសសំណេះសំណាល ជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជន ខេត្តកំពង់ចាម ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំនូវសេចក្តីនឹករលឹកជាខ្លាំង ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្ញើជូនទៅបងប្អូន សមាជិកសមាជិកា នៃអតីតយុទ្ធជនរបស់យើងទាំងអស់ នៅតាមភូមិ ឃុំ ស្រុក ក្នុងទូទាំងខេត្តកំពង់ចាម ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ប្រសិនបើក្នុងករណីសមាជិក សមាជិការ មានការស្លាប់ សូមឲ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត ប្រញាប់រៀបចំឯកសារ ដាក់ជូនទៅមន្ទីរសង្គមកិច្ចការងារ និងអតីតយុទ្ធជនខេត្ត ដើម្បី នាំយកថវិកាឧបត្ថម្ភរបស់សមាគម ៤លានរៀល និងសាររំលែកទុក្ខ ទៅជូនគាត់បានភ្លាមៗ។ ចំណែកឯ ឯកសារនីតិវិធី ត្រូវធ្វើតាមក្រោយ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានសំណូមពរ ដល់អាជ្ញាធរខេត្ត ស្រុក ឃុំ និងប៉ុស្តិ៍រដ្ឋបាល សុំយកចិត្តទុកដាក់ ក្នុងការជួយមើលថែ ចំពោះសមាជិក សមាជិកាអតីតយុទ្ធជនរបស់យើង តាមរយៈ ការពិនិត្យមើល និងផ្ដល់ប័ណ្ណក្រីក្រជូនពួកគាត់ ដោយហេតុថា អតីតយុទ្ធជនរបស់យើង គឺពួកគាត់ភាគច្រើន ជាជនក្រីក្រ ។ ដូច្នេះ ប្រសិនបើពួកគាត់បានទទួលបានក្រីក្រ នោះពួកគាត់នឹងបានប្រាក់ឧបត្ថម្ភ គួបផ្សំជាមួយនឹងប្រាក់បៀវត្សរ៍ ដើម្បី យកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ដូចជា បានដោះស្រាយការលំបាកបានមួយកំរិត ផងដែរ ។ ជាងនៅទៅទៀត សូមក្រុមការងារ សមាគមន៍ ឆ្លៀតឱកាសចុះទៅសួរសុខទុក្ខដល់សមាជិក សមាជិកា របស់យើង នៅតាមម្លូលដ្ឋានផង ដើម្បី លើកទឹកចិត្តដល់ពួកគាត់ ដែលមានវ័យចំណាស់ៗហើយនោះ បានសប្បាយចិត្ត ខណៈដែល ពួកគាត់ទទួលបានការយកចិត្តទុកដាក់អំពីយើងនោះ ។ ដូច្នេះ សូមអាជ្ញាធរ ជួយដាស់តឿន ដល់អាជ្ញាធរថ្នាក់មូលដ្ឋាន ជួយមើលថែ ដល់សមាជិក សមាជិកាអតីតយុទ្ធជន របស់យើងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង