ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យលើកទី៦ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

(ស្វាយរៀង): នៅទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងទិវាជាតិបង្ការនិងពន្លត់អគ្គិភ័យលើកទី៦ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

មានប្រសាសន៍ក្នុងទិវានេះឯកឧត្តមលើកឡើងថា នេះគឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់បំផុត ដែលនឹងបង្ហាញជូនប្រជាពលរដ្ឋរបស់យើងនៅទូទាំងខេត្ត បានឃើញកាន់តែច្បាស់ពីការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាល បណ្ដាស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យ ក្នុងការបង្ការនូវមហន្តរាយដែលបង្កឡើងដោយអគ្គីភ័យ ការការពារ និងសង្គ្រោះអាយុជីវិត និងទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋ ការគិតគូរអំពីសុខុមាលភាព សន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

ក្នុងនាមឯកឧត្ដមអភិបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តមបានធ្វើការផ្ដាំផ្ញើដល់អង្គភាពពាក់ព័ន្ធនូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖
១.ត្រូវរៀបចំផែនការសកម្មភាពចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធីសាស្រ្តបង្ការ និងពន្លត់អគ្គីភ័យ ជាពិសេសត្រូវចុះផ្សព្វផ្សាយអប់រំច្បាប់ស្ដីពីការបង្ការ និងពន្លត់អគ្គីភ័យនៅតាមសហគមន៍ សាលារៀន គ្រឹះស្ថានសាធារណៈ គ្រឹះស្ថានឯកជន និងនៅតាមទីតាំងដែលមានអគារខ្ពស់ៗ ដូចជាក្រុងបាវិតជាដើម ។
២.ត្រូវចាត់តាំងឲ្យមានកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីធានាដល់ការឆ្លើយតបទៅនឹងតម្រូវការបានទាន់ពេលវេលា ។
៣.ត្រូវត្រៀមរថយន្ត ឧបករណ៍ និងសម្ភារ ដើម្បីធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ ដោយគ្រប់រថយន្តពន្លត់អគ្គីភ័យទាំងអស់ត្រូវមានប្រេងឥន្ធនៈក្នុងធុង និងមានទឹកក្នុងស៊ីទែនឡានឲ្យបានគ្រប់គ្រាន់ ។
៤.ត្រូវផ្សព្វផ្សាយជាសាធារណៈនូវលេខទូរស័ព្ទប្រចាំការ ដើម្បីសាធារណៈជនងាយស្រួលទំនាក់ទំនង នៅពេលមានករណីអគ្គីភ័យកើតឡើងជាយថាហេតុ ។
៥.ត្រូវរៀបចំហ្វឹកហាត់ និងបង្កើនជំនាញពន្លត់អគ្គីភ័យដល់ក្រុមការងារបង្ការ និងពន្លត់អគ្គីភ័យនៅនឹងកន្លែងឲ្យបានជាប់ជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ ។
៦.គ្រប់ស្ថាប័ន អង្គភាពរដ្ឋ រោងចក្រ កាស៊ីណូ អគារពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ ក្លឹបកម្សាន្តនានា ជាពិសេសកន្លែងលក់ហ្គាស និងស្ថានីយ៍ប្រេងឥន្ធនៈ ត្រូវរៀបចំបំពាក់ឧបករណ៍បង្ការ និងពន្លត់អគ្គីភ័យ ដើម្បីម្ចាស់ការទប់ស្កាត់គ្រោះអគ្គីភ័យនានា ដែលអាចកើតឡើង ។
៧.នៅពេលទទួលបានព័ត៌មានអំពីគ្រោះថ្នាក់អគ្គីភ័យ ត្រូវអនុវត្តវិធានការពន្លត់ឲ្យបានលឿនរហ័ស ប្រកបដោយតម្លាភាពនិងការទទួលខុសត្រូវខ្ពស់ និងត្រូវយកចិត្តទុកដាក់ជួយអាយុជីវិត និងទ្រព្យសម្បត្តិរបស់ជនរងគ្រោះឲ្យអស់លទ្ធភាព ។
៨.មន្ត្រីជំនាញពន្លត់អគ្គីភ័យ មិនត្រូវយកតួនាទីភារកិច្ចទៅប្រព្រឹត្តអំពើអសកម្មនៅពេលចេញប្រតិបត្តិការពន្លត់អគ្គីភ័យឡើយ ។
៩.អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញត្រូវពិនិត្យមើលការសាងសង់សំណង់ទាំងឡាយ ណែនាំឲ្យមានរៀបចំរក្សាផ្លូវដើម្បីឲ្យរថយន្តពន្លត់អគ្គីភ័យអាចចេញចូលបាន ហើយករណីនេះ ខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ រាល់ការសាងសង់ត្រូវគោរពច្បាប់ និងប្លង់ឲ្យបានត្រឹមត្រូវ។
១០.ទន្ទឹមនេះ ស្នើដល់កម្លាំងជំនាញរបស់យើង ត្រូវបង្កើនការយកចិត្តទុកដាក់ពិនិត្យ ដកពិសោធន៍ និងធ្វើការវាយតម្លៃ អំពីកត្តា និងមូលហេតុចម្បងដែលបណ្ដាលឲ្យមានករណីអគ្គីភ័យកើតឡើងច្រើន ដើម្បីដាក់ចេញនូវវិធានការពារ និងបង្ការទប់ស្កាត់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕ ដោយ:PK

អត្ថបទដែលជាប់ទាក់ទង