ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ អំពាវចំពោះគណបក្សនយោបាយនៅកម្ពុជា សូមគោរពនូវសិទ្ធិ និងការសម្រេចចិត្ដរបស់ពលរដ្ឋ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវចំពោះគណបក្សន យោបាយនៅកម្ពុជា សូមគោរពដល់សិទ្ធិរបស់ប្រជាពលរដ្ឋ និងគោរពការសម្រេចចិត្ដរបស់ប្រជាពលរដ្ឋ។ ការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ នាឱកាសអញ្ជើញចូលរួមលក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សាចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជិត ៥ ០០០ នាក់ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងរយៈកាលចុងក្រោយនេះ សមាគមដែលមានក្រុមយុវជន អង្គការក្រៅរដ្ឋាភិបាលដែលធ្លាប់គាំទ្របក្សប្រឆាំងបាននាំគ្នាមកចូលរួមគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការធ្វើសកម្មភាពនានាបម្រើសង្គមជាតិ។ ប៉ុន្តែបងប្អូនទាំងនេះ ត្រូវបានទទួលការប្រមាថពីគណបក្សនយោបាយមួយចំនួន ឬបុគ្គលមួយចំនួន។ សម្តេចតេជោនាយករដ្ឋមន្រ្ដីលើកឡើងថា ប៉ុន្តែអ្វីដែលជាបំណងប្រាថ្នា និងសេរីភាពនៃការជ្រើសរើសរបស់ពួកគេត្រូវបានទទួលការប្រមាថពីអ្នកនយោបាយ និងបក្សនយោបាយខ្លះ ដែលថាគេបានលក់ឧត្ដមគតិ។ ចំណុចនេះ សម្ដេចតេជោក៏សូមជម្រាបទៅអស់លោកដែលជាអ្នកតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ក៏ប៉ុន្តែអ្នកមិនបានគោរពចំពោះប្រជាធិបតេយ្យពិតប្រាកដទេ។

សម្តេចតេជោថ្លែងបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់សម្រាប់អស់លោក អ្នកថា អស់លោក អ្នកមិនបានគោរពទៅដល់សេរីភាពខាងនយោបាយរបស់យុវជនទាំងនេះទេ ពួកគេបានដឹងច្បាស់ថាគេគាំទ្របក្សប្រឆាំងអត់បានការក្នុងរយៈពេលកន្លងទៅ។ ខ្ញុំបានស្ដាប់ដោយយកចិត្តទុកដាក់សម្រាប់ក្រុមយុវជននេះនៅពេលដែលគេទៅជួបខ្ញុំ។ ថាតើគេបានធ្វើអ្វីខ្លះ ហើយអ្នកខ្លះបានធ្លាក់ទៅដល់អាម៉េរិក ត្រូវបានទទួលការបណ្ដុះបណ្ដាលក្នុងការធ្វើបដិវត្ដន៍ពណ៌នៅអាម៉េរិក ។ អីចឹងវិធីរបស់គេតែមួយគត់គឺរួមចំណែកជាមួយរាជរដ្ឋាភិបាល គាំទ្ររាជរដ្ឋាភិបាល បង្កើតជាអង្គការការពារបរិស្ថាន ឬការពារបញ្ហានេះ បញ្ហានោះ ដែលជាប្រយោជន៍ជាតិ ធ្វើការជាមួយរដ្ឋាភិបាលវិញល្អជាង។»

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានផ្ដាំទៅអ្នកទាំងនោះថា សម្រាប់អស់លោកអ្នកទាល់តែមនុស្សគាំទ្រអ្នកឯង ទើបចាត់ទុកថាមនុស្សល្អ ប៉ុន្ដែឱ្យតែមកគាំទ្ររាជរដ្ឋាភិបាលគឺជាមនុស្សលក់ឧត្ដមគតិ ហើយធ្ងន់ធ្ងរជាងនេះ គឺប្រមាថថាអ្នកទាំងនេះគឺជាកញ្ចះបរទេស ក្នុងពេលដែលខ្លួនស៊ីលុយបរទេស ដើម្បីប្រឆាំងខ្មែរដូចគ្នា។ សម្ដេចតេជោក៏សូមអំពាវនាវឱ្យគោរពសិទ្ធិរបស់ពលរដ្ឋ គោរពនូវការសម្រេចចិត្តរបស់ប្រជាពល រដ្ឋ ទើបមិនមានបញ្ហា។ ជាមួយគ្នានេះ សម្តេចតេជោក៏បានបញ្ជាក់ជូនឱ្យគណបក្សនយោ បាយទាំងនោះមានការប្រុងប្រយ័ត្នជាមួយប្រតិកម្មរបស់ក្រុមយុវជនដែល ក្រុមវជនទាំងនេះធ្លាប់ធ្វើសកម្មភាពបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល។ ដូចនេះ ប្រយ័ត្នពួកគេក៏អាចធ្វើបាតុកម្មប្រឆាំងត្រឡប់ទៅវិញចំពោះបក្សនយោបាយណាដែលប្រមាថមកលើពួកគេ។

ទោះបីយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន ក៏បានអង្វរកដល់កូន ក្មួយជាយុវជនទាំងឡាយ សូមកុំមានប្រតិកម្មណាមួយបែបហិង្សា ឬធ្វើសកម្មភាពឱ្យហួសទៅលើអ្នកដែលបានប្រមាថចំពោះខ្លួន។ ពួកគេអាចចេញត្រឹមសេចក្តីថ្លែងការណ៍ ពន្យល់ និងឆ្លើយតបបានហើយ ។ «ខ្ញុំមានការសោកស្ដាយណាស់ ចំពោះអ្នកដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ប៉ុន្ដែអត់ស្គាល់ថា អ្វីទៅដែលហៅថា ជាប្រជាធិបតេយ្យនោះ»។ នេះជាការអះអាងបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបញ្ជាក់ឱ្យដឹងទៀតថា គណបក្សដទៃគួររៀនសូត្រអំពីប្រជាធិបតេយ្យឱ្យបានពិតប្រាកដដោយគោរពសិទ្ធិចំពោះការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ និងសូមកុំធ្វើអ្វីឱ្យក្រុមយុវជនមានប្រតិកម្មខ្លាំងជាងនេះ។ សម្តេចតេជោក៏បានបន្ថែមថា៖ «គណបក្សទាំងនោះគួរតែមករៀនសូត្រពីគំរូគណបក្សប្រជាជន ព្រោះគណបក្សប្រជាជន មិនដែលរារាំងសមាជិករបស់ខ្លួនទៅចូលរួមជាមួយគណបក្សដទៃនោះទេ ។ អ្នកដែលទៅបក្សដទៃ យើងតែងគោរពនូវសិទ្ធិនៃការជ្រើសរបស់គេ»៕ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង