ផ្លូវបេតុងមួយខ្សែប្រវែងជិត៨០០ម៉ែត្រក្នុងសង្កាត់បាវិត គ្រោងនឹងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ

(ខេត្តស្វាយរៀង): ផ្លូវចាក់បេតុងអាម៉េមួយខ្សែប្រវែងជិត៨០០ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ១  ឆ្ពោះទៅកាន់ រមណីយដ្ឋានទួលយាយដូន និងតំបន់បន្ទាត់ព្រំដែន ដែលអាចជួយបញ្ជៀសការកកស្ទះ ចរាចរណ៍បានមួយចំណែក ផងនោះ កំពុងត្រូវបានធ្វើការស្ថាបនាលេចចេញជារូបរាងបណ្តើរៗហើយក្រោមគំនិតការដឹកនាំ ស្ថាបនាពីសំណាក់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងមន្ត្រីនានាក្រោមឱវាទ។

លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ បានមានប្រសាសន៍ឲ្យដឹងថា៖ ដោយបច្ចុប្បន្នប្រទេសកម្ពុជាយើងមានការអភិវឌ្ឍរីកចំរើនស្ទើរគ្រប់វិស័យ ហើយផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ច ។ ចំពោះក្រុងបាវិត ខេត្តស្វាយរៀងវិញ ក៏មានការអភិវឌ្ឍនិងរីកចំរើនផងដែរជាពិសេសគឺកំណើនប្រជាពលរដ្ឋធ្វើចរាចរណ៍ ទៅមកមានសភាពមមារញឹក ជាងមុននាពេលបច្ចុប្បន្ន។

លោកអភិបាលក្រុងបាវិត បានមានប្រសាសន៍បន្តទៀតថា៖ ចំពោះផ្លូវចាក់បេតុងអាម៉េមួយខ្សែប្រវែងជិត ៨០០ម៉ែត្រទទឹង៨ម៉ែត្រកម្រាស់១.៥តឹក នោះគឺមានដាក់លូនិងស្តារប្រឡាយដើម្បីរំដោះទឹកភ្លៀង នារដូវវស្សា ពីភូមិដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ដែលជាការផ្តួចផ្តើមគិតគូរស្ថាបនាពីសំណាក់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដោយប្រើថវិកាគុណប្រយោជន៍ខេត្ត ក្នុងការស្ថាបនា ដើម្បីសម្រួលក្នុងការធ្វើដំណើរ ដឹកកសិផលរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបញ្ជ្រៀសការកកស្ទះចរាចរណ៍បានមួយកម្រិតទៀតផងដែរ។

លោកអភិបាលក្រុងបាវិត ក៏បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅពេលផ្លូវស្ថាបនារួចរាល់សូមជួយថែរក្សា អោយបានគង់វង្សយូរអង្វែងនិងសូមអោយប្រជាពលរដ្ឋបន្តគាំទ្របោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាដើម្បីដឹកនាំប្រទេសអោយមានការអភិវឌ្ឍរីកចំរើនបន្ថែមទៀត៕ដោយ:33

អត្ថបទដែលជាប់ទាក់ទង