រដ្ឋបាលស្រុកក្រូចឆ្មារ ប្តេជ្ញា ការពារព្រៃលិចទឹក នៅស្រុកក្រូចឆ្មារ និង បានប្តឹងជនល្មើស ទៅតុលាការ

( ត្បូងឃ្មុំ ): លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានថ្លែងច្រានចោល នូវព័ត៌មានផ្សាយមិនពិតថា អភិបាលស្រុកប្តឹងដកហូតដីពីប្រជាពលរដ្ឋ ដែលធ្លាប់អាស្រ័យផលលើដីតំបន់បឹងក្រពើម៉ឺននោះ ។
លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារបានថ្លែងពន្យល់ប្រជាពលរដ្ឋថា អំពីដីអាស្រ័យផល យូរឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្ននេះ គឺឲ្យអាស្រ័យផលជាបន្តទៀតតាមធម្មតា មិនមានបញ្ហាអ្វីទេ ប៉ុន្តែហាមបន្តការកាប់រានព្រៃថែមទៀត មិនអនុញ្ញាតិឲ្យមានការកាប់រានព្រៃថ្មីៗ ការកាប់រាន គឺជាសកម្មភាពខុសច្បាប់ អ្នកណាក៏ដោយឲ្យតែបន្តកាប់រានព្រៃលិចទឹក ត្រូវតែទទួលខុសត្រូវដោយចំពោះមុខច្បាប់ ។
យើងទាំងអស់គ្នាត្រូវតែការការពារ ដីសាធារណៈ របស់រដ្ឋ ព្រៃធម្មជាតិ ការពារមច្ឆាជាតិ ជាសារៈសំខាន់សម្រាប់យើងទាំងអស់គ្នា ជាផលប្រយោជន៍រួម ដូច្នេះយើងត្រូវរួមគ្នា ការពារឲ្យបានដាច់ខាតនូវព្រៃលិចទឹកសមនរាប់ជំរមត្រីពងកូន ជំរកសត្វស្លាប ជំរកសត្វល្មូន បើមានជនអគតិ ជនខិលខូច បន្តលូចឈូសឆាយដីព្រៃថ្មីៗ អាជ្ញាធរ នឹងចាត់ការតាមនិតិវិធី ។
សម្រង់សំដីដើមរបស់លោក សយ ទូច បែបនេះ នៅព្រឹកថ្ងៃទី ៥ ខែមិនា ឆ្នាំ ២០២៣ នៅត្រង់ចំណុចដាំដើមសណ្តាន់ មាត់ព្រៃបឹងក្រពើម៉ឺន ស្ថិតក្នុងភូមិក្រូចឆ្មារលើ ឃុំក្រូច/ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ដីព្រៃនៅចំណុចបឹងក្រពើម៉ឺន លោកអភិបាលស្រុក បានពន្យល់ប្រជាពលរដ្ឋ អំពីសារៈប្រយោជន៍នៃព្រៃលិចទឹក ផ្តល់ជាជម្រកត្រីពងកូន និងជាជម្រកសត្វស្លាបគ្រប់ប្រភេទ និងពពួកសត្វល្មូន ឲ្យបានយល់អំពីសារៈប្រយោជន៍យ៉ាងខ្លាំង របស់ព្រៃលិចទឹក នឹងណែនាំឲ្យប្រជាពលរដ្ឋ ចូលរួមការពារ ។
ជនល្មើសត្រូវប្រឈមជាមួយមុខច្បាប់ អាជ្ញាធរជាអ្នកការពារព្រៃលិចទឹកជាមួយនឹងប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋត្រូវចូលរួមការពារជាមួយគ្នាផងដែរ ។ ហើយប្រជាពលរដ្ឋទាំងអស់ក៏មានការឯកភាពអបអរសាទរជាមួយដំណឹងនេះ ។ កន្លងមកមានជនអគតិទៅញោះញង់ថា ចៅហ្វាយស្រុកទៅដកហូតដីប្រជាពលរដ្ឋដែលអាស្រ័យផលនៅតំបន់ដីជាយព្រៃលិចទឹកនោះ ជាព័ត៌មានមិនពិតទេ ។

លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ បានបញ្ជាក់ទៀតថា អាជ្ញាធរស្រុកក្រូចឆ្មារយើងនេះ បានធ្វើការផ្សព្វផ្សាយនូវគ្រប់ឃុំទាំង ១២ នៃស្រុកនេះ អំពីការការពារធនធានធម្មជាតិមានព្រៃលិចទឹក  ការពារមច្ឆាជាតិ ជាត្រីសាច់ចំពោះប្រជាពលរដ្ឋនេះ គឺយើងផ្សព្វផ្សាយ ៤ ឆ្នាំមកហើយ ថែមទាំងបានបោះបង្គោលព្រុំ ការពារព្រៃលិចទឹកជិត ២.០០០ បង្គោលដោយមានចំណាត់ការពីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចុះដែនដីនគរួបណីកម្ម និងសំណង់ ជា សុផារ៉ា ទៀតផងដែរ ហើយក្នុងនោះផងដែរ នៅក្នុងឃុំក្រូចឆ្មារ មានបង្គោលធំៗ ចំនួន ២ ដើម មួយម៉ែត្រ ៤ ជ្រុង កំពស់ ៤ ម៉ែត្រខាងលើ និង ២ ម៉ែត្រក្រោមដី ។ ដូច្នេះបង្គោលនេះ អ្នកនៅឃុំក្រូចឆ្មារ ឃុំស្វាយឃ្លាំង អ្នកណាក៏ស្គាល់ ក៏ដឹងដែរ នៅជាសកម្មភាពផ្សព្វផ្សាយរបស់អាជ្ញាធរយើង ដូច្នេះយើងចូលរួមការការពារព្រៃលិចទឹក និងធម្មជាតិនេះ ឲ្យបានទាំងអស់គ្នា ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង