អភិបាលខេត្តត្បូងឃ្មុំ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនប្រទេសម៉ាឡេស៊ី ដើម្បីសិក្សាស្វែងយល់ លើការវិនិយោគវិស័យថាមពលបន្ទះសូឡាខ្នាតធំ
ត្បូងឃ្មុំ ៖ កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃអភិបាលខេត្តត្បូងឃ្មុំ បានទទួលជួបពិភាក្សាការងារជាមួយលោក អ៊ុង ហាំងភីង (ONG HANGPING) អគ្គនាយកក្រុមហ៊ុន Sunview Group Berhad មកពីប្រទេសម៉ាឡេស៊ី ដើម្បីសិក្សាស្វែងយល់លើការវិនិយោគវិស័យថាមពលបន្ទះសូឡាខ្នាតធំនៅខេត្តត្បូងឃ្មុំ។
នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកអគ្គនាយក អ៊ុង ហាំងភីង ដែលចាប់អារម្មណ៍វិនិយោគ លើទឹកដីខេត្តត្បូងឃ្មុំ។
នាឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានលើកឡើងពីស្ថានភាពភូមិសាស្ត្រដ៏ល្អ មានលក្ខណៈអំណោយផលល្អ នូវសក្តានុពលលើវិស័យនានា ពិសេសវិស័យថាមពលអគ្គិសនីក្នុងខេត្តត្បូងឃ្មុំ។
ថ្លែងលើកឡើងនាពេលនោះ លោក អ៊ុង ហាំងភីង អគ្គនាយកក្រុមហ៊ុន Sunview Group Berhad បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ពិសេសខេត្តត្បូងឃ្មុំ។
លោក បញ្ជាក់ថា៖ ក្រុមហ៊ុន Sunview Group Berhad កំពុងធ្វើការយ៉ាងសកម្មលើរោងចក្រថាមពលបន្ទះសូឡាខ្នាតធំនៅប្រទេសជាច្រើនរួចមកហើយ ទាំងនៅអឺរ៉ុប និងអាស៊ី ដោយមើលឃើញវិសាលភាពនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា លើកគ្រប់វិស័យ ពិសេសប្រទេសកម្ពុជា គឺជាទីតាំងដ៏ល្អមួយ ដោយសារវាមានពន្លឺព្រះអាទិត្យច្រើន ហើយមានឱកាសសំខាន់ៗជាច្រើនទៀត សម្រាប់ការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ ទើបក្រុមហ៊ុន មានគម្រោងបង្កើតរោងចក្រថាមពលបន្ទះសូឡាខ្នាតធំ អាចផលិតថាមពលអគ្គីសនី ទំហំ១០០មេហ្គាវ៉ាត់ ដែលមានទីតាំងនៅខេត្តត្បូងឃ្មុំ ហើយកំពុងសិក្សាទៅលើកទីតាំងជាក់ស្ដែង។ ដូច្នេះ ទើបដំណើរទស្សនកិច្ចរបស់ប្រតិភូក្រុមហ៊ុន ស្វែងរកជំនួយដ៏ល្អពីរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីអញ្ជើញជួបអាជ្ញាធរអគ្គិសនីកម្ពុជា(EAC)ខេត្ត ចូលរួមក្នុងកិច្ចប្រជុំនឹងផ្លាស់ប្ដូរយោបល់គ្នា។
ជាការឆ្លើយតបឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ខេត្តត្បូងឃ្មុំសូមស្វាគមន៍ ចំពោះការវិនិយោគនានា នៅលើទឹកដីខេត្តត្បូងឃ្មុំ ពីសំណាក់ក្រុមហ៊ុនវិនិយោគទុនម៉ាឡេស៊ី ពិសេសលើការបង្កើតរោងចក្រថាមពលបន្ទះសូឡាខ្នាតធំនៅក្នុងខេត្ត។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្ថែមថា ៖«យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាក្រុមហ៊ុន Sunview Group Berhad នឹងមកវិនិយោគបង្កើតរោងចក្រថាមពលបន្ទះសូឡាខ្នាតធំនេះ នៅក្នុងខេត្តត្បូងឃ្មុំ ហើយរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធនានា រីករាយសហការយ៉ាងពេញទំហឹងជាមួយក្រុមហ៊ុន ក្នុងការផ្ដលព័ត៌មានផ្សេងៗ ធានាឱ្យបាននូវកិច្ចសហការច្បាស់លាស់ ដែលមានសុវត្ថិភាពសម្រាប់ក្រុមហ៊ុនមកវិនិយោគនៅខេត្តត្បូងឃ្មុំ»៕