អត់អស់លុយទេ! សម្រាប់ការជិះរថយន្តក្រុងទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរខាងមុខនេះ
ស្របពេលដែលឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែខិតជិតមកដល់ហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន ៤០០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានជម្រាបជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនេះ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន៤០០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ នៅក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។ ឯកឧត្តមបានឱ្យដឹងថា យើងទើបតែទទួលបានជំនួយរថយន្តក្រុង ពីសាធារណរដ្ឋកូរ៉េចំនួន ២០០គ្រឿងទៀត។ ដូច្នេះយើងនឹងបន្ថែមជើងដឹកជញ្ជូនទៀតនៅឆ្នាំនេះ ជាពិសេសខ្សែរត់ទៅកាន់ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ នៅតាមផ្លូវជាតិលេខ៥ និងលេខ៦ ដើម្បីជួយសម្រាលការលំបាករបស់ពលរដ្ឋ ដោយសារការការឡើងថ្លៃរបស់តាក់ស៊ី។
លោក កែវ ចាន់ណារិទ្ធ អភិបាលនៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណរថយន្តក្រុង បានប្រាប់ឱ្យដឹងថា យោងតាមប្រសាសន៍ណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ខាងរដ្ឋាករស្វយ័ត ដឹកជញ្ជូន កំពុងរៀបចំផែនការបញ្ចេញរថយន្តក្រុង និងកម្លាំង ក្នុងការអនុវត្តផែនការឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តមួយចំនួន ដែលមិនខុសពីឆ្នាំកន្លងទៅនោះទេ។
លោកបានបន្ថែមថា ក្រុមការងារកំពុងសិក្សាមើលថា តើត្រូវបន្ថែមជើង និងខ្សែរត់បន្ថែមទៀត ក្នុងកម្រិតណា ដោយសារតែសាលារាជធានីភ្នំពេញ ទើបតែទទួលរថយន្ដក្រុងប្រភេទថ្មីចំនួន២០០គ្រឿង ពីក្រុមហ៊ុន ប៊ូយ៉ុង ។
លោកបានបញ្ជាក់ថា ដោយសារតែយើងទើបតែទទួលបានអនុសាសន៍ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ឥឡូវក្រុមការងាររបស់យើងកំពុងតែរៀបចំ ផែនការបច្ចេកទេស ឱ្យបានច្បាស់លាស់ ដើម្បីរៀបចំរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅ តាមបណ្តាខេត្តមួយចំនួនដូចឆ្នាំមុនៗដែរ។ ប៉ុន្តែឆ្នាំនេះតាមគម្រោង អាចនឹងមានបន្ថែមចំនួនជើង និងខ្សែរត់ ដោយក្រុមការងារបច្ចេកទេស កំពុងពិភាក្សាលើបញ្ហានេះ ហើយជូនដំណឹងដល់សាធារណជនក្នុងពេលឆាប់ៗ។
លោក ចាន់ សុភាព ជាបុគ្គលិកក្រុមហ៊ុនឯកជន និងមានទីលំនៅបណ្តោះអាសន្ន ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានបទពិសោធន៍ ក្នុងការធ្វើដំណើរទៅស្រុកកំណើតនាខេត្តបាត់ដំបង នៅពេលមានពិធីបុណ្យជាតិធំៗ បានប្រាប់ថា មិនខុសពីឆ្នាំមុនទេ លោកមានគម្រោងនឹងធ្វើដំណើរ តាមមធ្យោបាយរថយន្តក្រុងសាធារណៈ ទៅកាន់ខេត្តបាត់ដំបងជាថ្មីម្តងទៀត នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដោយលោកអាចសន្សំលុយបានមួយចំណែកពីការធ្វើដំណើរនេះ។ លោកបានបន្ថែមថា រាល់លើកដែលសាលារាជធានីភ្នំពេញប្រកាសឱ្យពលរដ្ឋ អាចធ្វើដំណើរតាមរថយន្តក្រុងទៅកាន់ខេត្តនានា ដោយមិនគិតថ្លៃនោះ លោកមិនដែលខកខានម្តងណាឡើយ ព្រោះថា មិនត្រឹមតែមិនទិញសំបុត្រទេ ថែមទាំងរថយន្តមានផាសុកភាព ខណៈដែលអ្នកបើកបរមានភាពរួសរាយរាក់ទាក់ផងដែរ។
លោកបានបញ្ជាក់ថា ឆ្នាំនេះខ្ញុំដឹងតែទៅជិះរថយន្តក្រុងសាធារណៈ ទៀតហើយ ព្រោះថា មិនត្រឹមតែចំណេញលុយទិញសំបុត្រទេ ថែមទាំងរថយន្តថ្មីជិះស្រួលទៀត។ ខ្ញុំ និងអ្នកដំណើរដទៃទៀត សប្បាយចិត្តណាស់ ដែលរាជរដ្ឋាភិបាលបានគិតគូរដល់ពួកយើង។ បើមិនដូច្នេះទេ ខ្ញុំនឹងត្រូវចំណាយច្រើនហើយពេលបុណ្យទានម្តងៗ យ៉ាងហោចណាស់ទៅមកក៏អស់៥០ដុល្លារអាម៉េរិកដែរ ពេលបុណ្យទានចឹងសំបុត្រឡើងថ្លៃ ។
បើតាមអភិបាល នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណរថយន្តក្រុង កាលពីអំឡុងពេលបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណរថយន្តក្រុង បានដឹកប្រជាពលរដ្ឋ ៣៥ ០០០នាក់ ដោយប្រើប្រាស់រថយន្តក្រុងចំនួន ១៧៥គ្រឿង ដែលបានធ្វើដំណើរតាមផ្លូវជាតិលេខ ១ ដល់ផ្លូវជាតិលេខ ៧ ។ កាលពីពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញទើបតែបានទទួល រថយន្ដក្រុងប្រភេទថ្ មីចំនួន២០០គ្រឿង ពីក្រុមហ៊ុន ប៊ូយ៉ុង គ្រុប របស់សាធារណរដ្ឋកូរ៉េ ខណៈ ដែលរថយន្តក្រុងសាធារណៈ ដែលដំណើរការនៅកម្ពុជាសព្វថ្ងៃ បានទទួលជំនួយពីប្រទេសចិន និងប្រទេសជប៉ុន ដែលមានចំនួនជាង ២០០គ្រឿង ដែលបានផ្តល់សេវាដឹកជញ្ជូនសាធារណៈមានចំនួន ១៣ខ្សែ ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ៕