សម្តេចពិជ័យសេនា ទៀ បាញ់៖ នយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចតេជោ ទើបមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍នាពេលបច្ទុប្បន្ននេះ

(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ​នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហានឈរជើងទិសយោធភូមិភាគទី៣ ស្ថិតនៅស្តូបអនុស្សាវរីយ៍វិមានឈ្នះឈ្នះខេត្តកោះកុង។

ក្នុងពិធីសំណេះសំណាលនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា នយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបមានសន្តិភាព ស្ថេរភាព សុខសុវត្តិភាព មានការអភិវឌ្ឍន៍ និងការរីកចំរើនលើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា សន្តិភាព ស្ថេរភាពនយោបាយឈ្នះឈ្នះនេះហើយ ដែលធ្វើឲ្យប្រទេសជាតិមានការទទួលស្គាល់នៅលើឆាកអន្តរជាតិ ហើយនៅប៉ុន្មានថ្ងៃខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះប្រកួត កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដូច្នេះសូមឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ជួយអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ត្រង់ចំណុចនេះដែលធ្វើឲ្យពិភពលោកកាន់តែដឹងកាន់ច្បាស់ពីសន្តិភាព ស្ថេរភាព នយោបាយឈ្នះឈ្នះ និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលប្រែក្លាយពីចំណុចសូន្យ ដែលលិចលង់ក្នុងសម័យសង្គ្រាម តែបានប្រែក្លាយជាប្រទេសអភិវឌ្ឍន៍មានភាពរីកចំរើនគ្រប់វិស័យ។

ក្នុងឱកាសនោះសម្តេចពិជ័យសេនា ក៏បានផ្តល់អំណោយគ្រឿងបរិភោគរួមទាំងថវិកាមួយចំនួន ដល់នាយទាហាន នាយទាហានរង និងពលទាហានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង