ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបញ្ចុះបឋមសិលា សាងសង់ខ្លោងទ្វា និងធ្វើបុណ្យផ្ការសាមគ្គី នៅវត្តចាន់ទូង
( ត្បូងឃ្មុំ ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញបញ្ចុះបឋមសិលា សាងសង់ខ្លោងទ្វា និងធ្វើបុណ្យផ្កាសាមគ្គី នៅវត្តចាន់ទូង ។
ពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៥ ខែមិនា ឆ្នាំ ២០២៣ នៅក្នុងវត្តចាន់ទូង ស្ថិតនៅក្នុងភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺឆ្លងកូវីដ-19 ឲ្យបានទៀងទាត់ តាមការកំណត់ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ទាំងដុសមូលដ្ឋាន និងដុសជំរុញ ។
ឯកឧត្តមបន្តថា យើងបានជួបជុំគ្នាធ្វើបុណ្យទានសប្បាយនៅពេលនេះបាន ដោយសារតែ មានការយកចិត្តទុក្ខដាក់ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ខមន្ត្រីរបស់យើង ដែលសម្ដេចបានខិតខំស្វះស្វែង រកវ៉ាក់សាំង គ្រប់បណ្ដារប្រទេស ដើម្បីយកមកចាក់ជូនបងប្អូន យើងដោយមិនយកលុយទៀត ដើម្បីហួងហែងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង ឲ្យរស់រានមានជីវិតបន្តទៅទៀត ។
ឯកឧត្តមបញ្ជាក់ទៀតថា មិនដូចជនអគតិមួយចំនួន ដើរញួសញុងបំផុសបំផុល មិនឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងទេ ដោយសារតែពួកជនអគតិនោះ គេបោកប្រាស់បងប្អូនប្រជាពលរដ្ឋយើងហើយ គេចង់ឲ្យប្រជាពលរដ្ឋយើងស្លាប់ដោយសារជំងឺកូវីដ-19 នេះ ។
ឯកឧត្តមបន្ថែមថា បើយើងមានវ៉ាក់សាំងជាមូលដ្ឋាន នៅក្នុងខ្លួនយើងហើយ សង្ក្រានឆ្នាំថ្មីឆ្នាំនេះ យើងនាំគ្នាសប្បាយឲ្យអស់ដៃតែម្ដង ហើយដើម្បីសប្បាយៗបន្តទៅទៀត យើងកុំភ្លេចត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាពឲ្យបាននៅគង់វង់ ជារៀងរហូត ហើយដើម្បីថែរក្សាសន្តិភាពនេះឲ្យបាន យើងកុំភ្លេច នៅថ្ងៃទី ២៣ ខែកក្ដដា ឆ្នាំ ២០២៣ ខាងមុខនេះ យើងត្រូវទៅបោះឆ្នោតឲ្យបានទាំងអស់គ្នា ហើយក៏កុំភ្លេចទៀតថា ត្រូវបោះឆ្នោតជូនរាជរដ្ឋាភិបាលរបស់យើង គឺបោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្ដេចតេជោ ធ្វើជានាយករដ្ឋមន្ត្រីបន្តទៅទៀតគ្រប់ៗអណ័ត្ន ៕ សុខ ផន