លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅខេត្តមណ្ឌលគិរី
លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅខេត្តមណ្ឌលគិរី
(មណ្ឌលគិរី)៖នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមីនាឆ្នាំ២០២៣ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន និងជាប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត
(ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ) ចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋប្រមាណ ២០៦៧នាក់ ដែលធ្វើឡើងនៅទីតាំងសាលា ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី និងអាជ្ញាធរស្រុកកោះញែកមួយចំនួនទៀត។
លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមពិនិត្យ ព្យាបាលជំងឺទាំងអស់។ លោកជំទាវមានប្រសាសន៍ទៀតថា សម្តេចទាំង២តែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដាច់ស្រយាលគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ លោកជំទាវបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តមណ្ឌលគិរី ជាពិសេសអាជ្ញាធរស្រុកកោះញែក ដែលបានសម្របសម្រួលឲ្យប្រជាពលរដ្ឋបានមកទទួលការពិនិត្យ ព្យាបាលជំងឺដោយមិនគិតថ្លៃនាថ្ងៃនេះ។
មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈ ឲ្យប្រជាពលរដ្ឋទទួលទានផងដែរ។ នៅក្នុងឱកាសនោះផងដែរលោកជំទាវក៏បានផ្តល់អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ជនចាស់ជរាដែលខ្វះខាតក្នុងជីវភាពចំនួន៣០នាក់ផងដែរ។
ជាលទ្ធផលចំនួនប្រជាពលរដ្ឋដែលទទួលបានការព្យាបាលទាំងអស់មានចំនួន២០៦៧នាក់
រួមមាន៖ ការវះកាត់តូច ចំនួន៣៥នាក់ , ពិនិត្យព្យាបាលរោគស្ត្រីចំនួន៦៧នាក់, ពិនិត្យជំងឺទូទៅចំនួន១១២០នាក់, ពិនិត្យសម្ភព និងអេកូសាស្ត្រចំនួន៦៣នាក់, និងពិនិត្យ ព្យាបាលមាត់ធ្មេញចំនួន១០០នាក់, ផ្នែកត្រចៀកច្រមុះបំពង់ក ចំនួន៧០នាក់,
ចែកថ្នាំទំលាក់ដង្កូវពោះវៀន ២៥០នាក់ , ចែកវ៉ែនតាចំនួន៥០០នាក់, ចែករទេះរុញជនពិការចំនួន១០គ្រឿង, ពិនិត្យព្យាបាលជំងឺភ្នែក ចំនួន ៦១២នាក់, ចែកកាតាប និងសម្ភារៈសិក្សាដ៏សិក្សានៅសិស្សចំនួន៦០០នាក់,ចែកកញ្ចប់ឃីតអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន៧០០នាក់, និងអប់រំសុខភាពដល់ប្រជាជនចំនួន១៥០០នាក់៕