ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូ ចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយកងទ័ពសមរភូមិមុខ ដែលជាអង្គភាពសម្ព័ន្ធមេត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ឧត្តរមានជ័យ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយចែកជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ស្ថិតនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឈរជើងនៅសមភូមិមុខក្នុងទិសទី២ ព្រំដែនខ្មែរ-ថៃ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា វត្តមានរបស់ថ្នាក់ដឹកនាំខេត្តកំពង់ចាមនៅពេលនេះ គឺយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំឱ្យមានសម្ព័ន្ធមេត្រីភាព រវាងសមភូមិមុខ និងសមភូមិក្រោយ និងមានការផ្គូរផ្គងពីនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត។ ហើយខេត្តកំពង់ចាម បានភ្ជាប់សម្ព័ន្ធមេត្រីភាពជាមួយកងពលតូចអន្តរាគមន៍លេខ៦ និងបានចុះកិច្ចព្រមព្រៀងតាំងពីសម័យសម្តេចទេពញាណ ហ៊ុន ណេង ជាអតីតអភិបាលខេត្តកំពង់ចាម ក្នុងឆ្នាំ២០១០ ហើយលោកប្តេជ្ញានឹងបន្តរក្សាប្រពៃណីដ៏ល្អផូរផង់មួយនេះ ឲ្យនៅគង់វង្ស ក្នុងន័យផ្សារភ្ជាប់រវាងសមភូមិមុខ និងសមភូមិក្រោយ។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងកោតសរសើរដល់កងកម្លាំងកងទ័ពឈរជើងនៅសមូរភូមិមុខ របស់អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ទាំងអស់ ដែលបានខិតខំប្រឹងប្រែងការពាេបូរណភាពទឹកដី មិនឱ្យមានការឈ្លាន មិនឱ្យមានអំពើអ្វីមួយកើតឡើងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាព។

ឯកឧត្តម ក៏អំពាវនាវដល់កងទ័ពក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ទាំងអស់ ត្រូវចូលរួមការពារសន្តិសុខក្នុងការបោះឆ្នោតនាថ្ងៃខាងមុខ ដើម្បីឲ្យដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន និងត្រូវចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៣ខែកក្កដាខាងមុខជូនសម្តេចតេជោ ហ៊ុន សែន និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។

សូមបញ្ជាក់ថា អំណោយដែលនាំមកចែកជូនកងទ័ពក្នុងអង្គភាពកងតូចអន្តរាគមន៍លេខ៦នាពេលនេះមាន៖ ជូនអង្គភាពសម្រាប់កសាងអគារមន្ទីរពេទ្យថវិកាចំនួន៥មុឺនដុល្លា ជូនលោកមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ថវិកា ១០លានរៀល ជូនមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ ថវិកា៥លានរៀល និងមេបញ្ជាការរងកងពលតូចចំនួន១២នាក់ ក្នុងម្នាក់ៗថវិកា៤០មុឺនរៀល ជូននាយទាហាន នាយទាហានរង និងពលទាហានចំនួន ១,៤៣១នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា៥មុឺនរៀល។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ឧបត្ថម្ភស្រូវពូជ២០តោន និងលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឧបត្ថម្ភស្រូវពូជ៥តោន ឧបត្ថម្ភភេសជ្ជៈចំនួន៤០០កេស មីចំនួន ៤០០កេស ម៉ាស់ក្រណាត់ចំនួន ៦មុឺនម៉ាស់ ឧកញ៉ា ហេង ឡុង ឧបត្ថម្ភចេកអំបូងលឿងចំនួន ២០០កេស ឧបត្ថម្ភថ្នាំពេទ្យមួយចំនួន ស្កសរ២០គីឡូក្រាម ត្រីខចំនួន២០កេស ឆៃប៉ូវចំនួន៣០០គីឡូក្រាម ពងទាចំនួន២០០០គ្រាប់៕ចៅវង្ស

អត្ថបទដែលជាប់ទាក់ទង