លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖មន្រ្តីអធិការកិច្ចគ្រប់ស្ថាប័នរួមគ្នាពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់ អភិបាលកិច្ចល្អនៅកម្ពុជា
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖មន្រ្តីអធិការកិច្ចគ្រប់ស្ថាប័នរួមគ្នាពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់ អភិបាលកិច្ចល្អនៅកម្ពុជា
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជេីញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋម ជំនាន់៥ វគ្គ ១+២ នៅទីស្តីការក្រសួង នាព្រឹក ថ្ងៃចន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣
ថ្លែងក្នុងឱកាសនោះ លោកជំទាវ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានជាតិអធិការកិច្ច ដែល បានប្រឹងប្រែងរៀបចំវគ្គបណ្តុះបណ្តាល ដោយ សម្រេចបានលទ្ធផល ផ្លែផ្កា គួរជាទីមោទនៈនិងអបអរសារទរចំពោះជ័យលាភីទាំងអស់ ដែលបានបញ្ចប់វគ្គបណ្តុះ បណ្តាល ដោយជោគជ័យ និងសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងនាំយកនូវ ចំណេះដឹងថ្មីៗដែលទទួលបានពីវគ្គសិក្សានេះ ទៅបំរើស្ថាប័នសាម៉ីឱ្យបានកាន់ តែល្អប្រសើរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ជាតិ និងការលើកកម្ពស់ អភិបាលកិច្ចល្អ ដែលជាស្នូល នៃ យុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាល។
លោកជំទាវបានបន្តទៀតថា ការបណ្តុះបណ្តាលជំនាញអធិការកិច្ច គឺពិតជាមាន សារៈសំខាន់ ដែលមិនត្រឹមតែផ្តល់ចំណេះដឹង និងលើកកម្ពស់ ជំនាញមួយកម្រិតថែមទៀត ដល់មន្រ្តីរាជការអធិការកិច្ច ដើម្បីយកទៅបំពេញការងារឲ្យកាន់តែមាន គុណភាព ប្រសិទ្ធភាព គណនេយ្យភាព និងសុចរិតភាព ស្របតាម ក្រមសីល ធម៌វិជ្ជាជីវៈ អធិការកិច្ច ដើម្បីរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ នៅកម្ពុជាប៉ុណ្ណោះទ ប៉ុន្តែវាជាការផ្សាភ្ជាប់នូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្រ្តី រាជការអធិការកិច្ចគ្រប់កម្រិត និងគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លើសពីនេះ ការបណ្តុះបណ្តាលជំនាញអធិការកិច្ច នឹងបង្កើននូវការទទួលស្គាល់ពីមជ្ឈដ្ឋាននានា អំពីការចូលរួមរបស់វិស័យអធិការកិច្ចក្នុងការបង្ការទប់ស្កាត់ កែលម្អ និងមានវិធានការ ដើម្បីប្រឆាំងនឹង អំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាព អសកម្មនានា ក៏ដូចជា ការរួមចំណែកពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់ អភិបាលកិច្ចល្អនៅកម្ពុជាផងដែរ៕