ឯកឧត្ដម អ៊ុន ចាន់ដា ចុះពិនិត្យទីតាំងរៀបចំសម្ពោធសមិទ្ធផលមួយចំនួន និងបើកការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែ ប្រវែង ៣.០០០ម៉ែត្រ នៅឃុំដងក្ដារ ស្រុកស្ទឹងត្រង់
កំពង់ចាមឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងឯកឧត្ដម រិន វិរៈ រដ្ឋលេខាធិការ ក្រសួងផែនការ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នេះ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង ដើម្បី រៀបចំសម្ពោធសមិទ្ធផលមួយចំនួន និងបើកការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែ មានប្រវែង ៣.០០០ម៉ែត្រ ស្ថិតនៅក្នុងឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
សូមជម្រាបដែរថា នៅថ្ងៃទី១០ ខែមេសា ខាងមុខនេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញជាតំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី សម្ពោធសមិទ្ធផលមួយចំនួន មានដូចជា ៖ អាគារសិក្សា ១ខ្នង អគាររង់ចាំនៅមណ្ឌលសុខភាពដងក្តា ផ្ទះគ្រូបង្រៀន និងបើកការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែ មានប្រវែង ៣.០០០ម៉ែត្រ ដែលឆ្លងកាត់ភូមិសន្ទិចកើត សន្ទិចកណ្ដាល និងសន្ទិចលិច ស្ថិតនៅក្នុងឃុំដងក្តារ ស្រុកស្ទឹងត្រង់ ។
នាឱកាសនោះ អញ្ជើញចុះពិនិត្យទីតាំង ខាងលើនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា បានធ្វើការណែនាំទៅដល់អាជ្ញាធរ ឲ្យត្រៀមរៀបចំមហាជនចូលរួម ទៅតាមផែនការគ្រោងទុក ដើម្បី ទទួលបដិសណ្ឋរកិច្ច ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក៏ដូចជា ប្រតិភូជាថ្នាក់ដឹកនាំជាច្រើនរូបទៀត ឲ្យអធិកអធមបំផុត ។ ក្រៅពីនោះ នាយកសាលា ត្រូវសហការជាមួយក្រុមការងារ ដើម្បី សម្អាតអនាម័យបរិស្ថាន បូករួមទាំង ការលាបលនអគារសិក្សា អគារទីចាត់ការ ក៏ដូចជា ការរៀបចំទីតាំងប្រារព្ធពិធីឲ្យបានស្អាត ធ្វើយ៉ាងណា ឲ្យកិច្ចដំណើរការ នៃពិធីខាងលើនេះ ប្រព្រឹត្តទៅដោយរលូន និងសម្រេចលទ្ធផលល្អប្រសើរ ទៅតាមផែនការគ្រោងទុក ៕