កសិករខេត្តត្បូងឃ្មុំសំរុកដាំដំណាំពោតចំណីសត្វដំណាក់កាលចុងក្រោយ

( ត្បូងឃ្មុំ ): កសិករតាមជួរដងទន្លេមេគង្គខេត្តត្បូងឃ្មុំ កំពង់តែសម្រុកដាំដំណាំពោតចំណីសត្វដំណាក់កាលចុងក្រោយ ដើម្បីប្រមូលផលឲ្យបានមុនពេលទឹកទន្លេមេគង្គហក់ឡើងមកលិច ។
កសិករនៅក្នុងភូមិជីរោទ៍កណ្ដាល ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពង់តែសម្រុកដាំពោតចំណីសត្វ ឬហៅថា ពោតក្រហម បានឲ្យដឹងថា គាត់ដាំពោតចំណីសត្វនេះ គឺមានខាងក្រុមហ៊ុនគ្រាប់ពូជពោត បានផ្ដល់គ្រាប់ពូជឲ្យគាត់ដាំសិន ដល់ពេលប្រមូលផលពោតទើបខាងក្រុមហ៊ុន គេគឹតលុយថ្លៃគ្រាប់ពូជ ក្នុងមួយថង់គ្រាប់ពូជ តម្លៃ ១៥ ម៉ឺនរៀល ។
កសិករបន្តទៀតថា ចំពោះការភ្ជួររាស់ដី ក៏ដូចគ្នាផងដែរ គឺគេភ្ជួររាស់ដីឲ្យកសិករយ៉ាងស្អាត ហើយទុកឲ្យកសិករដាំដុះបង្ករបង្កើនផលរួច ដល់ពេលប្រមូលផលពោត ទើបខាងអ្នកភ្ជររាស់ដីគេគឹតលុយថ្លៃឈ្នួលភ្ជួររាស់ដីដែរ ក្នុងផ្ទៃដី ១ ហិកតាតម្លៃ ២៥ ម៉ឺនរៀល ។
កសិករបន្ថែមថា គាត់ដាំពោតដំណាក់កាលចុងក្រោយនេះ គឺផ្សងសំណាងជាមួយនឹងទឹកទន្លេមេគង្គ ប្រសិនបើជោគជ័យ បានប្រមូលផលមុនទឹកទន្លេឡើងមកលិច នោះពួកគាត់នឹងបានសោហ៊ុយសងថ្លៃឈ្នួលភ្ជួររាស់ដី និងបានសងថ្លៃគ្រាប់ពូជពោតគេផងដែរ ។
កសិករបញ្ជាក់ទៀតថា ការប្រមូលផលលើកទី ១ ពោតចំណីសត្វរបស់គាត់ លក់បានតម្លៃជាង ១ ពាន់រៀលក្នុងមួយគីឡូក្រាម ខណ:ពេលនេះកសិករបានរំពឹងទុកទៀតថា នៅដំណាក់កាលចុងក្រោយ ពោតចំណីសត្វរបស់គាត់នឹងមានតម្លៃនៅលើទីផ្សារល្អដូចតម្លៃពោត ដំណាក់កាលទី ១ ដែរ ។
បើតាមរបាយការណ៍របស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំបានឲ្យដឹងនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣ ថា ដំណាំពោតក្រហម ត្រូវបានប្រជាពលរដ្ឋដាំ ២ ដងក្នុងមួយឆ្នាំ សរុបលើផ្ទៃដីជាមធ្យម ៨.២៣០ ហិកតា គឺលើកទី ១ ពីខែវិច្ឆិកាដល់ខែមេសា ហើយដាំនៅលើផ្ទៃដី ៥.២០០ ហិកតា ( ដាំប្រដេញតាមទឹកទន្លេមេគង្គស្រក ) នឹងលើកទី ២ ពីខែ ឧសភា ដល់ ខែសីហា កសិករដាំនៅលើផ្ទៃដី ៣.០៣០ ហិកតា  ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង