លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ អញ្ជើញចុះពិនិត្យសិក្សាស្វែងយល់ អំពីដំណាំកាហ្វេ
( ត្បូងឃ្មុំ ): លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ អញ្ជើញចុះពិនិត្យសិក្សាស្វែងយល់ អំពីដំណាំកាហ្វេ និងការប្រមូលផលកាហ្វេរបស់លោក ងួន សុខជាតិ និងលោកស្រី ហេង ធីតា នៅលើផ្ទៃដី ៥ ហិកតា ក្នុងស្រុកមេមត់ ។
ការអញ្ជើញចុះពិនិត្យសិក្សាស្វែងយល់ អំពីដំណាំកាហ្វេនេះ កាលពីរសៀលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣ ស្ថិតនៅក្នុងភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាចំការកាហ្វេរបស់លោក ងួន សុខជាតិ និងលោកស្រី ហេង ធីតា ។
លោក ហេង ពិសិដ្ឋ បានលើកឡើងថា លោលទើបទទួលបានព័ត៌មានពីដំណាំកាហ្វេលើទឹកដីមេមត់នេះ ក្នុងអំឡុងខែកក្កដា ឆ្នាំ ២០២៣ តែប៉ុណ្ណោះ នេះជាចម្ការទី ៣ ហើយ ដែលខ្ញុំបានចុះពិនិត្យផ្ទាល់ដល់ទីតាំងឃើញថា ដំណាំកាហ្វេគ្រប់ចម្ការល្អៗ ផ្តល់ផលល្អ ហើយមានរបៀបនៃការដាំដុះខុសៗគ្នា ដោយចម្ការរបស់លោក ងួន សុខជាតិ លោកស្រី ហេង ធីតា ដាំតែដំណាំកាហ្វេសុទ្ធ តែ ២ ចម្ការទៀតដាំក្នុងចន្លោះគុម្ពដំណាំម្រេច ។
លោកប្រធានបន្តថា តាមការចុះប្រមូលព័ត៌មានរបស់មន្ត្រីមន្ទីរ កសិកម្ម ក៏បានឃើញកាហ្វេដាំក្នុងចម្ការទុរេន ហើយផ្តល់ផលល្អដូចគ្នា នេះអាចជាចំណុចល្អមួយ ដែលកសិករអាចដាំដំណាំចម្រុះ ធ្វើឲ្យគាត់ទទួលបានចំណូលបន្ថែម និងកាត់បន្ថយថ្លៃដើមផលិត ទុរេន ម្រេច ផ្តល់ផលអំឡុងខែឧសភា មិថុនា ចំណែកកាហ្វេ ផ្តល់ផលពីខែកញ្ញាដល់ខែវិច្ឆិកា ពិតជាអំណោយផលណាស់សម្រាប់ការដាំដំណាំចម្រុះ បានទាំងផល បានទាំងដំណោះស្រាយចំណាយក្នុងផលិតកម្មលើផ្ទៃដីតែមួយ ។
លោក ហេង ពិសិដ្ឋ បញ្ជាក់ទៀតថា ក្នុងគោលបំណងពង្រីកទំហំផលិតកម្មកាហ្វេនិងកសាងកេរ្ត៍ឈ្មោះ កាហ្វេមេមត់ មួយសម្រាប់ខេត្តត្បូងឃ្មុំ មន្ទីរបានចាត់មន្ត្រីជំនាញចុះប្រមូលទិន្នន័យឲ្យបានច្បាស់លាស់ពីអ្នកដាំកាហ្វេ ទំហំផ្ទៃដី និងទិន្នន័យពាក់ព័ន្ធមួយចំនួនទៀត ដើម្បីរៀបចំក្រុមផលិតកម្មកាហ្វេមួយ ដែលអនុវត្តតាមបង្គុំបច្ចេកទេសត្រឹមត្រូវ ការអនុវត្តគោលការណ៍ ការអនុវត្តកសិកម្មល្អ(GAP) ការអនុវត្តគោលការណ៍តម្រូវរបស់ទីផ្សារ មានស្លាកសញ្ញា ឈានទៅដល់ការចុះបញ្ជីកាហ្វេត្រឹមត្រូវ កសាងភាពប្រកួតប្រជែងនិងឧត្តមភាពកាហ្វេលើទីផ្សារ។ មកដល់ត្រឹមថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ការប្រមូលព័ត៌មានបង្ហាញថា មានប្រជាពលរដ្ឋ ៥ គ្រួសារ បានដាំកាហ្វេលើផ្ទៃដី ១៣ ហិកតា ចំពោះមុខនេះ មន្ទីរ នឹងចាត់មន្ត្រីជំនាញចុះដល់ទីតាំងពិគ្រោះនិងតម្រង់ទិសបច្ចេកទេសបន្ថែម ជាពិសេសការអនុវត្តគោលការណ៍ ” ការអនុវត្តកសិកម្មល្អ(GAP)”និងការទុកដាក់ក្រោយការប្រមូលផល ហើយបន្ទាប់មកទៀត នឹងស្នើសុំដាក់បញ្ចូលដំណាំកាហ្វេនេះ ទៅក្នុង ចលនាភូមិ ១ ផលិតផល ១ របស់ខេត្តត្បូងឃ្មុំ ។
លោកប្រធានបន្ថែមថា បើដំណើរការទីផ្សារកាហ្វេនេះល្អ មន្ទីរ នឹងជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដាំម្រេច ដាំទុរេន ត្រូវដាំដំណាំកាហ្វេបន្ថែមនៅចន្លោះគុម្ព ឲ្យក្លាយជាដំណាំចម្រុះបន្ថែមទៀត ៕ សុខ ផន